អ្វីជាចិញ្ចើមផ្លូវ?
ចិញ្ចើមផ្លូវ ឬផ្លូវសម្រាប់ថ្មើរជើង ជាផ្នែកមួយនៃជាយផ្លូវដែលស្ថិតនៅសង្ខាង ឬតែម្ខាង ទុកសម្រាប់ឲ្យអ្នកថ្មើរជើងធ្វើដំណើរ។ ភាគច្រើនចិញ្ចើមផ្លូវមានកម្ពស់ខ្ពស់ជាងទ្រូងផ្លូវ ហើយសាងសង់ដោយប្រើផ្ទៃកម្រាលខុសគ្នាពីផ្លូវ គឺសម្រាប់បែងចែកចរាចរណ៍រវាងយានយន្តនិងអ្នកថ្មើរជើង។ ដើម្បីសុវត្ថិភាព ចិញ្ចើមផ្លូវខ្លះមានបំពាក់នូវរបាំងការពារ ដូចជាបង្កាន់ដៃ សួនច្បារ ដើមឈើ បង្គោលឬដុំថ្មបេតុង ជាដើម ដែលអាចការពារអ្នកថ្មើរជើងពីគ្រោះថ្នាក់ជាយថាហេតុដែលបង្កដោយយានយន្ត។
ចិញ្ចើមផ្លូវនៅភ្នំពេញ?
ដោយឡែកបើក្រឡេកមើលចិញ្ចើមផ្លូវនៅក្នុងក្រុងភ្នំពេញវិញហាក់ផ្ទុយស្រឡះពីអ្វីដែលជាគោលបំណងដើមនៃចិញ្ចើមផ្លូវ។ ផ្ទុយពីការទុកឲ្យថ្មើរជើងធ្វើដំណើរ ចិញ្ចើមផ្លូវនៅក្នុងក្រុងត្រូវបានប្រើប្រាស់ទៅតាមស្ថានភាព និងតម្រូវការជាក់ស្ដែងដោយម្ចាស់ផ្ទះ ឬអាគារនីមួយៗដែលជាប់ចិញ្ចើមផ្លូវនោះ។ បើផ្ទះបើករកស៊ី ចិញ្ចើមផ្លូវនឹងក្លាយជាកន្លែងដាក់សម្ភារៈលក់ដូរ បើផ្ទះបើកភោជនីយដ្ឋាន នោះចិញ្ចើមផ្លូវក៏នឹងក្លាយជាកន្លែងអង្គុយពិសារអាហារ ឬជាចំណតម៉ូតូ ឡានជាដើម។ និយាយជារួម ចិញ្ចើមផ្លូវដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយសម្រាប់បម្រើឲ្យសាធារណជនគ្រប់រូបធ្វើដំណើរដោយថ្មើរជើង ត្រូវបានប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ហាក់បីដូចជាកម្មសិទ្ធិសួនតួ ពីសំណាក់ម្ចាស់ផ្ទះឬអាគារមួយចំនួនដែលជាប់ចិញ្ចើមផ្លូវនោះ ដោយខុសច្បាប់ និងដោយគ្មានការគិតពិចារណាពីតម្រូវការ និងសណ្ដាប់ធ្នាប់សាធារណៈឡើយ។
មូលហេតុ?
មានកត្តាជាច្រើនដែលបណ្ដាលឲ្យចិញ្ចើមផ្លូវត្រូវបានគេរំលោភបំពានយកធ្វើជាកម្មសិទ្ធិឯកជន បម្រើឲ្យផលប្រយោជន៍បុគ្គលជាជាងប្រយោជន៍រួម។ កត្តាដែលសំខាន់ជាងគេនោះគឺភាពចន្លោះប្រហោងក្នុងការអនុវត្តច្បាប់។ ការអនុវត្តច្បាប់នៅប្រទេសកម្ពុជានៅមានភាពធូររលុងនៅឡើយ ព្រោះរដ្ឋអំណាចគិតថា ការយល់ដឹងរបស់ប្រជាជននៅមានកម្រិតនៅឡើយ? នេះជាហេតុដែលអាជ្ញាធរប្រើមនោសញ្ចេតនាច្រើននៅពេលអនុវត្តច្បាប់ ឬពេលរៀបចំសណ្ដាប់ធ្នាប់សាធារណៈម្ដង គឺត្រូវ "បិទភ្នែកម្ខាងបើកភ្នែកម្ខាង"។ ហើយពេលខ្លះទៀតអាជ្ញាធរចាត់ទុករឿងនេះជារឿងតូចតាចទៅវិញ។
ដំណោះស្រាយ?
Comments
Post a Comment